ចង់បានទិន្នផលស្រូវខ្ពស់នោះដីស្រែត្រូវស្មើល្អ ភ្លឺស្រែ ត្រូវរឹងមាំ🌾🌾🌾🌾💦💦
✏️ការរៀបចំដីស្រែ គឺជាការអនុវត្តរួមគ្នានូវការភ្ជួរនិងរាស់ដី ដើម្បីឲ្យវាស្ថិតក្នុងស្ថានភាពរូបសាស្ត្រ ល្អប្រសើរសម្រាប់ដំណុះគ្រាប់ពូជ និងការដុះលូតលាស់របស់ដំណាំស្រូវ។ ដើម្បីឲ្យការធ្វើស្រែទទួលបានទិន្នផលខ្ពស់ ចៀសផុតពីហានិភ័យគ្រោះធម្មជាតិ លោក សន មិនា ប្រធានការិយាល័យគ្រឿងយន្តកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សូមបង្ហាញជូននូវជំហានសំខាន់ៗនៃការរៀបចំដីស្រែ មានដូចតទៅ ៖
១-ការរៀបចំភ្លឺស្រែ🌅
ភ្លឺស្រែ ត្រូវរៀបចំឲ្យបានធំល្អ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទឹក ជាពិសេស រក្សាទឹកទុកនៅពេលជួបគ្រោះរាំងស្ងួត ឫ ដើម្បីរំដោះទឹកចេញពីស្រែ ពេលជួបទឹកជំនន់។
២-ការៀបចំប្រព័ន្ធបញ្ចេញបញ្ចូលទឹក💦
យើងត្រូវធ្វើកូនប្រឡាយតូចៗ ទទឹងពី ០,៥ ទៅ ១ម៉ែត្រ នៅជាប់ជាមួយនឹងភ្លឺស្រែ ឬ ធ្វើចំពាក់កណ្តាលស្រែ(បើស្រែនោះធំៗ) ដើម្បីងាយស្រួលក្នុងការបញ្ចេញបញ្ចូលទឹកពីស្រែមួយទៅស្រែមួយទៀត។
៣-ការភ្ជួរ-រាស់🚜
-ការភ្ជួរដាស់ដី យើងគប្បីភ្ជួរដីស្រែភ្លាមៗ បន្ទាប់ពីប្រមូលផលរួច ដើម្បីលុបជញ្ជ្រាំងចូលទៅក្នុងដី ធ្វើជាជី ធ្វើឲ្យដីធូរ សម្លាប់ពពួកសត្វល្អិតចង្រៃ សម្លាប់មេរោគ និងធ្វើឲ្យដីឆ្អិនល្អ។
-ការភ្ជួរលើកទី១នេះ យើងក៏អាចភ្ជួរមុន១ខែ មុនពេលព្រោះគ្រាប់ស្រូវ ឬ ស្ទូង ក្នុងជម្រៅពី ២ ទៅ ៣តឹក។ បន្ទាប់ពីភ្ជួរលើកទី១ បាន ៧ ទៅ ១៥ថ្ងៃ ត្រូវធ្វើការរាស់បំបែកដី ប្រមូលស្មៅចេញ ឬ ប្រើអង្គប់វាយដី កាន់តែប្រសើរ ដើម្បីធ្វើឲ្យដីម៉ដ្ឋល្អនិងងាយស្រួល ភ្ជួរលើកទី២ទៀត។
✓#ចំណាំ ៖ នៅពេលភ្ជួរ ម្ចាស់ស្រែត្រូវមកពិនិត្យនិងប្រាប់អ្នកបើកត្រាក់ទ័រ ត្រូវភ្ជួរឲ្យមុតសព្វ និងធ្វើយ៉ាងណាកុំឲ្យភ្ជួរដាច់ភ្លឺស្រែ។
-ការភ្ជួរលើកទី២ គឺតែងតែត្រូវបានអនុវត្តបន្ទាប់ពីការភ្ជួរលើកទី១ បាន ១៥ ទៅ២០ថ្ងៃ ឬ ភ្លាមៗ មុនពេលព្រោះ ឬ ស្ទូង ដើម្បីប្រែដី បំបែកដុំដីឲ្យកាន់តែម៉ដ្ឋ សម្លាប់ស្មៅ និងងាយស្រួលកៀរពង្រាប ឲ្យដីស្មើល្អ។
(ប្រសិនបើមានលទ្ធភាពអាចភ្ជួរលើកទី៣ កាន់តែប្រសើរ)
៤-ការកៀរពង្រាបដី🚜🌅
ការកៀរពង្រាបដីស្រែ យើងអាចធ្វើបានលើដីស្ងួតនិងដីមានទឹក។
ការកៀរពង្រាបដី ត្រូវធ្វើឡើងបន្ទាប់ពីភ្ជួរលើកទី២រួចភ្លាមៗ(អនុវត្តលើដីស្ងួត) ឬ មុនពេលព្រោះគ្រាប់ពូជ ឬ ស្ទូង(អនុវត្តលើដីមានទឹក) ដោយប្រើគោយន្ត ឬ ត្រាក់ទ័រ ដើម្បីឲ្យការងារបានរហ័សនិងធ្វើឲ្យដីរាបស្មើបានល្អ។
៥-ការកែប្រែគុណភាពដី 🌱🍁🍂
ក្រោយពីកៀរពង្រាបហើយ ដីក្នុងស្រែត្រង់កន្លែងដែលបានយកដីស្រទាប់លើចេញ វាច្រើន មានភាពរឹងនិងថយចុះជីជាតិដី។ ដូច្នេះ គួរភ្ជួរដីស្រែនោះឡើងវិញ នៅត្រង់កន្លែងដែលដីរឹង ហើយត្រូវដាក់ជីលាមកសត្វ ជីកំប៉ុស្ត៍ឲ្យបានច្រើន នៅត្រង់កន្លែងដែលបានកៀរពង្រោបនោះ និងដាក់ជីអាហ្សូត(N)និងផូស្វ័រ (P)ទ្រាប់បាត មុនពេលធ្វើការព្រោះ ឬ ស្ទូង ដើម្បីឲ្យស្រូវដុះ លូតលាស់ល្អ។
គុណសម្បត្តិនៃការកៀរពង្រាបដីឲ្យមានលក្ខណៈស្មើល្អមានដូចជា៖🌾🌾🌾
✅ប្រើប្រាស់ទឹក ជី មានប្រសិទ្ធភាពខ្ពស់
✅ដំណាំស្រូវ ដុះលូតលាស់ស្មើគ្នា
✅កាត់បន្ថយការដុះស្មៅចង្រៃនិងសត្វល្អិតបំផ្លាញដំណាំស្រូវ
✅កាត់បន្ថយការប្រើប្រាស់ថ្នាំកម្ចាត់ស្មៅនិងមិនធ្វើឲ្យប៉ះពាល់សុខភាព
✅ស្រូវឆាប់ទុំលឿនជាងមុន ៧ ទៅ ១០ថ្ងៃ
✅ធ្វើឲ្យទិន្នផលស្រូវកើនឡើងពី ១៥% ទៅ ២០%។
📝គុណវិបត្តិដោយសារដីស្រែមិនមានលក្ខណៈរាបស្មើ
ប្រើប្រាស់ទឹកលើសកំណត់រហូតដល់ទៅ៣ដង🌾🌾
✔ពិបាកគ្រប់គ្រងស្មៅចង្រៃ
✔ធ្វើឲ្យដំណាំស្រូវ ដុះលូតលាស់មិនស្មើគ្នា
✔ធ្វើឲ្យស្រូវទុំមិនស្រុះគ្នា និងធ្វើឲ្យទិន្នផលថយចុះ ៧% ទៅ ២០%
✔តែងតែធ្វើឲ្យកិច្ចប្រតិបត្តិការនានា មានការលំបាក ដូចជា ការភ្ជួររាស់
ជាពិសេសការច្រូតកាត់ដោយម៉ាស៊ីន
✔ចំណាយលើការភ្ជួររាស់ ច្រូតកាត់ច្រើនជាទ្វេរដង។
No comments:
Post a Comment